Admission Requirement

ហេតុអ្វីជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយ

១២ឆ្នាំនៃការចាប់បដិសន្ធិនិងអភិវឌ្ឍន៍  ក្នុងអំឡុងឆ្នាំ១៩៩៨ ឯកឧត្ដមបណ្ឌិត អ៊ីន វីរជាតិ ជាស្ថាបនិក និង ជាប្រធានក្រុមប្រឹក្សាភិបាល សាកលវិទ្យាល័យបៀលប្រាយ បានបង្កើតអង្គការ មួយមិនសំដៅរកប្រាក់ចំណេញ ដែលមានឈ្មោះថា "អង្គការយុវជនស្ម័គ្រចិត្ដកម្ពុជា" ឬ អង្គការ CYVO (Cambodian Youth Volunteer Organization) ក្នុងគោលដៅប្រមូលផ្ដុំ ធនធានបណ្ដុះបណ្ដាល រួមទាំងរូប ឯកឧត្ដមបណ្ឌិត ផង ដើម្បីធ្វើសកម្មភាពបណ្ដុះបណ្ដាលចែករំលែកចំណេះដឹង និងបទ ពិសោធន៍ ដល់យុវជនកម្ពុជាទូទៅ ជាពិសេស បណ្ដុះបណ្ដាល ជំនាញអាជីវកម្ម ការគ្រប់គ្រងកុំព្យូទ័រ និងភាសាអង់គ្លេស។ ដោយ សន្ទុះនៃតម្រូវការទទួលបានការសិក្សាអប់រំកម្រិតឧត្ដមសិក្សា ក្នុង ចំណោមយុវជន នាពេលនោះ កើនឡើងគួរឲ្យ កត់សម្គាល់ ឯកឧត្ដមបណ្ឌិតក៏បានធ្វើការវិវត្ដអង្គការនេះ ទៅជាមហាវិទ្យាល័យ គ្រប់គ្រងនិងនីតិសាស្ដ្រ ឬ ហៅកាត់ ថា FML (Faculty of Management and Law) បង្កើនជំនាញ នៃការបណ្ដុះបណ្ដាល លើជំនាញ គ្រប់គ្រងអាជីវកម្ម និងច្បាប់ ហើយបន្ដប្រែក្លាយ មហាវិទ្យាល័យនេះ ទៅជា សាកលវិទ្យាល័យបៀលប្រាយ ឬ Build Bright University (BBU) ក្នុងឆ្នាំ២០០២ ដើម្បីផ្ដល់លទ្ធភាព កាន់តែទូលំទូលាយ ដល់យុវជននិងអ្នកសិក្សាស្រាវជ្រាវគ្រប់ប្រភេទ និង គ្រប់ លំដាប់ថ្នាក់ទទួលបានការសិក្សា អប់រំកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ លើជំនាញឯកទេស ជាច្រើនឆ្លើយ តបនឹងតម្រូវការ ទីផ្សារការងារនិងចំណង់ចំណូលចិត្ដអ្នកសិក្សាទាំងនោះ។ សុបិន និងបំណងប្រាថ្នាដ៏ពុះកញ្ជ្រោល ក្នុងនាម ឯកឧត្ដមបណ្ឌិត ពេលនោះជាយុវជនម្នាក់ចង់ឃើញ យុវជនជាច្រើនទៀតទទួលបានការអភិវឌ្ឍចំណេះដឹង និង សមត្ថភាពដើម្បី ក្លាយជាមូល ធនមនុស្ស ដ៏សំខាន់ចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។ ក្នុងន័យនេះចក្ខុវិស័យ ម្ភៃឆ្នាំ (២០០០- ២០២០) និង បេសកកម្មដែល ឯកឧត្ដមបណ្ឌិត ត្រូវបំពេញនោះគឺប្រមូលផ្ដុំយុវជនទាំងអស់ ដើម្បីបង្កើត ជាគ្រឹះស្ថាន អប់រំ (University ឬ សាកលវិទ្យាល័យ) ដ៏ធំមួយនិងធ្វើការកសាង ឬ អភិវឌ្ឍន៍ (Build ឬ បៀល) ចំណេះ ដឹងនិងសមត្ថភាព (Bright ឬ ប្រាយ) របស់ពួកគេឲ្យក្លាយ ទៅជាមូលធន មនុស្សមានគុណសម្បត្ដិប្រកួតប្រជែង កម្រិតខ្ពស់។សាកលវិទ្យាល័យបៀលប្រាយ ឬ Build Bright University ក៏ចាប់បដិសន្ធិឡើង ឆ្លុះបញ្ចាំង ចក្ខុវិស័យ និង បេសកកម្មជាយុទ្ធសាស្ដ្រ នៃការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជានិងនៅក្នុងតំបន់។ 

ការទទួលស្គាល់គុណភាពអប់រំ

សាកលវិទ្យាល័យបៀលប្រាយត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលតាមអនុក្រឹត្យលេខ៥៨អនក្រ.បក ចុះថ្ងៃទី១៧ខែមិថុនាឆ្នាំ២០០២និងការទទួលស្គាល់គុណភាពអប់រំពីក្រសួងអប់រំយុវជននិងកីឡានិងគណកម្មាធិការទទួល ស្គាល់គុណភាពអប់រំនៃកម្ពុជា។

វិសាលភាពនៃការបណ្ដុះបណ្ដាល

ឆ្លើយតបនឹងចក្ខុវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ដ្រត្រីកោណអភិវឌ្ឍន៍សាកលវិទ្យាល័យ ឆ្នាំ២០២០ ឆ្ពោះទៅ ពង្រីក លទ្ធភាពនៃការសិក្សាអប់រំគឺ អប់រំដើម្បីទាំងអស់គ្នា និង ពង្រឹងឧត្ដមភាពនៃការបណ្ដុះបណ្ដាល និងសិក្សា ស្រាវជ្រាវ នៅតាម តំបន់ជុំវិញបឹងទន្លេសាប តាមដងទន្លេមេគង្គ និង តំបន់ឆ្នេរសមុទ្រ ផ្ដល់ឱកាស និង ភាពងាយស្រួល ដល់អ្នកសិក្សា នៅ តាមតំបន់ទាំងនេះរួមមាន៖ ខេត្ដសៀមរាប ខេត្ដព្រះសីហនុ ខេត្តរតនគិរី ខេត្ដបាត់ដំបង ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង អាចទទួលបានការបណ្ដុះបណ្ដាល ពីសាកលវិទ្យាល័យបៀលប្រាយ លើគ្រប់ កម្រិតនិងជំនាញដោយមិនចាំ បាច់មកសិក្សានៅរាជធានីភ្នំពេញហើយនិស្សិតនឹងសន្សំថវិកាដ៏ច្រើន ដែលត្រូវ ចំណាយ បន្ថែម នៅពេលសម្រេចចិត្ដជ្រើស រើសការសិក្សាឆ្ងាយពីតំបន់រស់នៅរបស់ខ្លួន។ ជាមួយ សាកលវិទ្យាល័យ បៀលប្រាយ និស្សិតមានភាពងាយ ស្រួល ក្នុងការ ផ្ទេរទៅសិក្សានៅតាមសាខាខេត្ត-រាជធានីទាំងប្រាំបីឆ្លើយតប នឹង បរិស្ថាន រស់នៅ ការងារ អាជីវកម្ម និងការសិក្សា នៅ តាមតំបន់ ទាំងអស់ដូចរៀបរាប់ខាងលើ ដោយមិនមានការរំខាន ឬ រាំងស្ទះ។

តម្លាភាពនៃរចនាសម្ព័ន្ធអភិបាលកិច្ច និងការគ្រប់គ្រង

ដើម្បីឆ្លើយតបនឹងការផ្លាស់ប្ដូរស្ថានភាព សេដ្ឋកិច្ច សង្គម និងវប្បធម៌ និង បន្ដអនុវត្ដតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និង កីឡា និង គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា និង ជាពិសេសគោលការណ៍នៃផែនការ យុទ្ធសាស្ដ្រវិស័យអប់រំ ឆ្នាំ២០០៩-២០១៣ របស់ ក្រសួងអប់រំ យុវជន និង កីឡា ឆ្ពោះទៅសម្រេចគោលដៅ នៃការអប់រំ សម្រាប់ទាំងអស់គ្នា នៅឆ្នាំ២០១៥ នោះក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ដែលជាស្ថាប័នអភិបាលកិច្ច មានអំណាច កំពូលក្នុងការគ្រប់គ្រង និង ប្រតិបត្ដិ នូវភារកិច្ច ទាំងអស់របស់សាកលវិទ្យាល័យ បានកំណត់ចក្ខុវិស័យ បេសកកម្ម និង គោលដៅយុទ្ធសាស្ដ្រអភិវឌ្ឍន៍សាកលវិទ្យាល័យ និង អនុម័តនូវគោលនយោបាយជាច្រើនជាពិសេសគោលនយោបាយ ស្ដីពី រចនាសម្ព័ន្ធអភិបាលកិច្ច និង ការគ្រប់គ្រង សាកលវិទ្យាល័យ កំណែទម្រង់ និង ការអភិវឌ្ឍសាកលវិទ្យាល័យ ដែលត្រូវ ធ្វើជា ប្រចាំនិងពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ ដើម្បីធានាប្រសិទ្ធភាព ប្រតិបត្ដិការនិងដំណើរប្រព្រឹត្ដ ទៅរបស់ សាកលវិទ្យាល័យ ទាំងមូលរក្សានិរន្ដរភាព និង ឧត្ដមភាព នៃគុណភាពបណ្ដុះបណ្ដាល និង សិក្សាស្រាវជ្រាវ។ តម្លាភាពនេះត្រូវបានឆ្លុះបញ្ចាំង ដោយរចនាសម្ព័ន្ធអភិបាលកិច្ចនិងការគ្រប់គ្រង រួមមាន៖ ក្រុមប្រឹក្សាភិបាល សាកល វិទ្យាល័យ អង្គនីតិប្រតិបត្ដិ មានសាកល- វិទ្យាធិការ សាកលវិទ្យាធិការរង ទីប្រឹក្សា តំណាង ស្ថាបនិក សាកលវិទ្យាល័យ នាយក-នាយករងវិទ្យាស្ថាន ព្រឹទ្ធបុរស-រងមហាវិទ្យាល័យ នាយក-នាយករងសាខា ខេត្ត-រាជធានី ប្រធាន-អនុប្រធានផ្នែក ប្រធាន-អនុប្រធាន ការិយាល័យ និង បុគ្គលិកគ្រប់ប្រភេទ អង្គនីតិប្បញ្ញត្ដិ ដែលមាន គណៈកម្មការ ជំនាញជាច្រើន បំពេញមុខងារស្រាវជ្រាវបង្កើត និង អភិវឌ្ឍ គោលនយោបាយ គ្រប់ប្រភេទស ម្រួលដល់ដំណើរប្រតិបត្ដិការ របស់ អង្គនីតិប្រតិបត្ដិ។

កម្មវិធីសិក្សាសម្បូរបែបនិងឆ្លើយតប តម្រូវការទីផ្សារការងារ

តែជាង១២ឆ្នាំប៉ុណ្ណោះសាកលវិទ្យាល័យបៀលប្រាយ បានអភិវឌ្ឍរីកលូតលាស់យ៉ាងឆាប់រហ័សក្លាយជាគ្រឹះស្ថានអប់រំដ៏ ធំនិង ត្រូវបានគេស្គាល់ទូទាំងប្រទេសនិងនៅអន្ដរជាតិ។ សាកលវិទ្យាល័យមានធនធានបម្រើកិច្ចការរដ្ឋបាលសិក្សា និង គ្រប់គ្រង និងសាស្ដ្រាចារ្យសរុបជិត ១៣០០នាក់។ និសិ្សតសរុបជាង ៥ម៉ឺននាក់ បាននិងកំពុងទទួលការបណ្ដុះបណ្ដាល ពីសាក លវិទ្យា ល័យបៀលប្រាយចាប់ពីកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់និងកម្រិតបណ្ឌិត លើ ជំនាញ ឯកទេសជាច្រើននៅទូទាំងប្រទេសរួមមាន រាជធានីភ្នំពេញនិងតំបន់ទីប្រជុំជនដាច់ស្រយាលនៃ ដងទន្លេមេគង្គ ជុំវិញ បឹងទន្លេសាប និងតំបន់ឆ្នេរសមុទ្រ។ កម្មវិធីបណ្ដុះបណ្ដាលផ្ដោតលើវិស័យសំខាន់ៗរួមមាន៖ វិស័យវិទ្យាសាស្ដ្រ និង បច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ដ្រសង្គម មនុស្សសាស្ដ្រនិង ភាសា និងវិស័យវិស្វកម្មនិងស្ថាបត្យកម្ម។ កម្មវិធីទាំងនេះ ត្រូវ បានវាយតម្លៃពិនិត្យឡើង និងអភិវឌ្ឍជារៀងរាល់ឆ្នាំដោយគណៈកម្មការអភិវឌ្ឍកម្មវិធីសិក្សាសាកលវិទ្យាល័យ និងដាក់ ស្នើសុំការឯកភាពពីក្រសួងអប់រំ យុវជន និង កីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃ កម្ពុជាដើម្បីលើក កម្ពស់ចំណេះដឹងនិងបទពិសោធន៍ ឆ្លើយតបគោលដៅអភិវឌ្ឍន៍សមត្ថភាពអ្នកសិក្សាទាំងអស់ និង តម្រូវការទីផ្សារការងារ បច្ចុប្បន្ន និងអនាគត។

សាស្ដ្រាចារ្យបណ្ដុះបណ្ដាលមានគុណវុឌ្ឍិខ្ពស់ និងបទពិសោធច្រើនឆ្នាំ

ដើម្បីធានានិរន្ដរភាព នៃការកសាងសមត្ថភាពចំណេះដឹង និង ជំនាញដល់អ្នកសិក្សាស្រាវជ្រាវទាំងអស់ ក្រុមប្រឹក្សា ភិបាលសាកលវិទ្យាល័យបៀលប្រាយ បានយកចិត្ដទុកដាក់ ជាអាទិភាពលើការវិនិយោគ និង អភិវឌ្ឍន៍ធនធានបណ្ដុះ បណ្ដាល ជាពិសេសសាស្ដ្រាចារ្យជិត៩០០នាក់ សុទ្ធសឹងជា សាស្ដ្រាចារ្យជាតិនិងអន្ដរជាតិ ដែលមានបទពិសោធ ច្រើនឆ្នាំ និងកម្រិតគុណវុឌ្ឍិកម្រិតបណ្ឌិត និង បរិញ្ញាបត្រជាន់ខ្ពស់ និង បានចូលរួមបណ្ដុះបណ្ដាល និង អភិវឌ្ឍន៍ធនធានមនុស្ស ជាមួយសាកលវិទ្យាល័យបៀលប្រាយជាង១២ឆ្នាំកន្លងទៅនេះ។

សកម្មភាពស្រាវជ្រាវនិងអភិវឌ្ឍន៍

កិច្ចការស្រាវជ្រាវនិងអភិវឌ្ឍន៍ (Research and Development) គឺជាភារកិច្ចចម្បងនិងជាយុទ្ធសាស្ដ្រក្នុងការធានា និរន្ដរភាព នៃគុណភាពបណ្ដុះបណ្ដាលនិងសិក្សាស្រាវជ្រាវនៅក្នុងគ្រឹះស្ថានឧត្ដមសិក្សា។ សាកលវិទ្យាល័យ ឬ គ្រឹះស្ថាន បណ្ដុះបណ្ដាល ដែលមិនចាត់ទុកកិច្ចការស្រាវជ្រាវជាកត្ដាគន្លឹះនៃការអភិវឌ្ឍនោះ នឹងប្រឈមជាមួយនឹង ការអភិវឌ្ឍធន ធានមនុស្ស ដែលគ្មាន សមត្ថភាព និង គុណសម្បត្ដិប្រកួតប្រជែងហើយអ្នកសិក្សាស្រាវជ្រាវទាំងអស់ត្រូវ តែយកចិត្ដទុក ដាក់លើចំណុចនេះ។ សាកលវិទ្យាល័យបៀលប្រាយបានកំណត់ នៅក្នុងគោលដៅយុទ្ធសាស្ដ្រ នៃផែនការ អភិវឌ្ឍសាកល វិទ្យាល័យឆ្នាំ២០០០-២០២០ តាមរយៈការអភិវឌ្ឍកម្មវិធីស្រាវជ្រាវកម្រិតបណ្ឌិត លើជំនាញជាច្រើន និង ការបង្កើតវិទ្យា ស្ថានស្រាវជ្រាវមួយឈ្មោះថា វិទ្យាស្ថានប្រមូលផ្ដុំចំណេះដឹង ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសន្ដិភាព (IMEP: The Institute of Mobilizing Knowledge for Economic Development and Peace) ដែលជាមជ្ឈមណ្ឌល ស្រាវជ្រាវ ដ៏ធំមួយនៅ ក្នុងសាកលវិទ្យាល័យធ្វើសកម្មភាពស្រាវជ្រាវ បណ្ដុះបណ្ដាល ប្រឹក្សាយោបល់ និងសកម្មភាព សហគមន៍ជាច្រើន ដែលចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង វប្បធម៌។ ក្នុងន័យនេះ គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើនត្រូវបាន វិទ្យាស្ថាន IMEP ដឹកនាំនិងដំណើរការប្រកបដោយ ជោគជ័យ ជាពិសេសគម្រោងស្រាវជ្រាវ ដែលផ្ដល់ដោយស្ថាប័នជាតិ និង អន្ដរជាតិជាច្រើនរួមមាន៖ គម្រោង បណ្ដុះបណ្ដាលជនជាតិដើមភាគតិចនៅខេត្ដរតនគិរី ពីឆ្នាំ២០០៤ដល់បច្ចុប្បន្នផ្ដល់មូលនិធិដោយ ស្ថានទូត សហរដ្ឋ អាមេរិក គម្រោងស្រាវជ្រាវនិងអភិវឌ្ឍន៍ស្ដីពី ពលកម្មលើ កុមារនៅតាមបណ្ដាខេត្ដនានាចាប់ពីឆ្នាំ២០០៧-បច្ចុប្បន្ន ផ្ដល់មូលនិធិ ដោយ អង្គការ ILO សហការជាមួយក្រសួងការ ងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ សមត្ថភាព មន្ដ្រីស្ថាប័នរដ្ឋ និង អង្គការអន្ដរជាតិនានា ចាប់ពីឆ្នាំ២០០៥ ដល់បច្ចុប្បន្នរួមមាន៖ ក្រសួងព័ត៌មាន ក្រសួងផែនការ ក្រសួងការពារជាតិ អង្គការ American Red Cross, World Vision, Care Cambodia, UNDP, Indochina Research និងអង្គការ Marie Stopes Cambodia។

ផ្ដល់អាហារូបករណ៍ដល់និសិ្សត

ការលើកកម្ពស់សមត្ថភាពនិងគុណភាពនៃការសិក្សាស្រាវជ្រាវ គឺជាភារកិច្ចចម្បងដែលសាកលវិទ្យាល័យ បាននិងកំពុង អនុវត្ដ នៅគ្រប់សាខារាជធានី-ខេត្ដទាំងអស់។ អ្នកសិក្សាដែលសម្រេចចិត្ដជ្រើសរើសសាកលវិទ្យាល័យបៀលប្រាយ មិន ត្រឹមតែទទួល បានចំណេះដឹង បទពិសោធ គុណសម្បត្ដិប្រកួតប្រជែងកម្រិតខ្ពស់ក្នុងការងារ និង សមត្ថភាពអភិវឌ្ឍន៍ អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្ដែអ្នក សិក្សាទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីសាកលវិទ្យាល័យដូចជា ការអនុ គ្រោះ លើតម្លៃសិក្សាអាហារូបករណ៍សម្រាប់ សិស្សពូកែ អាហារូបករណ៍ និសិ្សតឆ្នើម និង អាហារូបករណ៍ និសិ្សតក្រីក្រ។

អាហារូបករណ៍សិស្សពូកែៈ

សិស្សានុសិស្សដែលបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដោយជោគជ័យ និង ទទួលបាននិទ្ទេស A, B និង C ហើយសម្រេចចិត្ដចុះឈ្មោះ សិក្សានៅសាកលវិទ្យាល័យបៀលប្រាយ នឹង ទទួលបានការលើកទឹកចិត្ដ បញ្ចុះ ថ្លៃសិក្សា ១០០% សម្រាប់និទ្ទេស A, ៥០% សម្រាប់និទ្ទេស B និង ២៥% សម្រាប់ និទ្ទេស C ។

អាហារូបករណ៍និសិ្សតឆ្នើមៈ

ជារៀងរាល់ឆ្នាំសិក្សានីមួយៗ គណៈកម្មការពិគ្រោះយោបល់សិក្សា និង បណ្ដុះបណ្ដាលធ្វើការវាយតម្លៃ លទ្ធផលនៃ ការសិក្សារបស់និសិ្សតដែលសិក្សានៅមហាវិទ្យាល័យទាំង៧ និង នៅគ្រប់់សាខា រាជធានី-ខេត្ដ ទាំងអស់នៃ សាកលវិទ្យាល័យ បៀលប្រាយ និង ជ្រើសរើសនិស្សិតឆ្នើមប្រចាំឆ្នាំសិក្សាចំនួន១៦៨រូប ដែលមានស្នាដៃឆ្នើមក្នុងការសិក្សា ដើម្បីទទួលយក ប័ណ្ណសរសើរ និង អាហារូបករណ៍សម្រាប់ឆ្នាំសិក្សា បន្ដបន្ទាប់រហូតដល់បញ្ចប់ការសិក្សា។

អាហារូបករណ៍និស្សិតក្រីក្រៈ

ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស និង កាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលនោះ ក្រុមប្រឹក្សា ភិបាលសាកលវិទ្យាល័យបានសម្រេចផ្ដល់អហារូបករណ៍ជារៀងរាល់ឆ្នាំសិក្សា ដើម្បីជួយដល់ អ្នកក្រីក្រ ជាពិសេស ស្ដ្រីរស់នៅតំបន់ដាច់ស្រយាល និង មិនមានលទ្ធភាពបង់ថ្លៃសិក្សា។

ការអនុគ្រោះលើតម្លៃសិក្សាៈ

ផ្អែកលើស្ថានភាពអំណោយផលនៃការអភិវឌ្ឍសេដ្ឋកិច្ច នៅតំបន់ទីប្រជុំជន និងសហគមន៍មួយចំនួនតម្រូវឲ្យអ្នក សិក្សានៅតំបន់ទាំងនោះជួបការលំបាកក្នុងការរ៉ាប់រងបន្ទុកចំណាយ ជាពិសេសលើការសិក្សាអប់រំទើប សាកលវិទ្យា ល័យបៀលប្រាយ ផ្ដល់ការអនុគ្រោះដោយបញ្ចុះថ្លៃ សិក្សារហូតដល់៥០% ដើម្បីជួយសម្រាល ការលំបាក និង កាត់ បន្ថយភាពក្រីក្រ ជាពិសេសអ្នកសិក្សានៅសាខាខេត្ដបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។

ផ្ដល់ឥណទានសិក្សាដល់និស្សិត

ដើម្បីចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុ របស់និស្សិតដែលត្រូវវិនិយោគ លើការសិក្សាអប់រំសាកលវិទ្យាល័យ បានធ្វើកិច្ច សហប្រតិបត្ដិការជាមួយគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុល្បីៗមួយចំនួន ដើម្បីផ្ដល់ឥណទានសិក្សាដល់និស្សិតដែល មានការលំបាក ក្នុងការស្វែងរកប្រភពហិរញ្ញវត្ថុ សម្រាប់ផ្គត់ផ្គង់ការសិក្សារបស់ខ្លួន។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងនេះរួមមាន៖ Rights Smart International, Vision Fund Cambodia និង Active People's Microfinance Ltd.។

សេវកម្មសិក្សាស្រាវជ្រាវ

សាកលវិទ្យាល័យបានវិនិយោគផ្ដល់នូវមូលដ្ឋានសម្ភាររូបវន្ដ និង សម្ភារបម្រើឲ្យការសិក្សាស្រាវជ្រាវរបស់និសិ្សតដ៏ច្រើន និងសម្បូរបែបនៅគ្រប់សាខា រាជធានី-ខេត្ដ ទាំងអស់រួមមាន៖ អគារសិក្សា បន្ទប់ពិសោធ បន្ទប់សិក្សាបន្ទប់សិក្ខាសាលា និង សន្និសីទ បន្ទប់ប្រជុំ បណ្ណាល័យ សៀវភៅសិក្សាស្រាវជ្រាវគ្រប់ប្រភេទ ប្រព័ន្ធសោតទស្សន៍ សេវាអ៊ីនធ័រណិត សេវាទំនាក់ទំនង។ល។ បន្ថែមពីលើនេះ សេវកម្មព័ត៌មាន អំពីការងារ ការពិគ្រោះយោបល់លើការសិក្សា ការសម្ភាស ការងារ ការចុះកម្មសិក្សា ទស្សនកិច្ចសិក្សា ការពិគ្រោះយោបល់អំពីបញ្ហាសុខភាពទូទៅ និង បញ្ហាផ្ទាល់ខ្លួន ជាច្រើនទៀតដែលជះឥទ្ធិពលដល់ការសិក្សា របស់ និសិ្សត។ ក្រៅពីនេះនិសិ្សតទាំងអស់ ដែលសិក្សានៅ សាកលវិទ្យាល័យបៀលប្រាយ នឹងមិនមានការលំបាកក្នុងការធ្វើ លិខិតស្នាមរដ្ឋបាលគ្រប់ប្រភេទទាក់ទង នឹងការសិក្សា ទាំងក្នុងនឹងក្រៅសាកលវិទ្យាល័យ ការផ្ទេរការសិក្សាពីសាខា មួយទៅ សាខាមួយទៀត ការផ្ទេរចូលនិងផ្ទេរចេញពី សាកលវិទ្យាល័យ សេវាលិខិតស្នាមនិង ឯកសារគ្រប់ប្រភេទពាក់ព័ន្ធ នឹងការសិក្សា និង សេវាព័ត៌មានទំនាក់ទំនងជាមួយ សាកលវិទ្យាល័យអាណាព្យាបាលនិស្សិត និងស្ថាប័នជាច្រើនទៀត។

សេវកម្មសហគមន៍

ការទំនាក់ទំនងជាមួយសហគមន៍ជាតិ និង អន្ដរជាតិគឺជាគោលដៅចម្បង នៃគោលដៅយុទ្ធសាស្ដ្រ របស់សាកលវិទ្យា- ល័យបៀលប្រាយ ដើម្បីផ្សារភ្ជាប់សកម្មភាពសិក្សាស្រាវជ្រាវរបស់និសិ្សតជាមួយនឹងសកម្មភាពសហគមន៍ជាតិ និង តំបន់។ ការចូលរួមសកម្មភាពសហគមន៍ រួមមាន សកម្មភាពស្ម័គ្រចិត្ដបម្រើសេវកម្មមនុស្សធម៌ តាមរយៈការចូលរួម ជាមួយ ក្លឹប យុវជន ស្ម័គ្រចិត្ដកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យបៀលប្រាយ ដែលតែងតែចូលរួម សកម្មភាព មនុស្សធម៌រួមមាន ការផ្សព្វផ្សាយអំពីសុខភាព អំពីការអនុវត្ដន៍ច្បាប់ចរាចរ ការរ៉ៃអង្គាសថវិកា ដើម្បីជួយដល់ជនរង គ្រោះ និងក្រុមគ្រួសារជនរងគ្រោះ សកម្មភាពផ្ដល់ឈាមការផ្សព្វផ្សាយអំពីជំងឺសង្គម រួមមាន៖ AIDS ជំងឺកាមរោគ និង សកម្មភាពមនុស្សធម៌ជាច្រើនទៀត។ ក្រៅពីនេះ សាកលវិទ្យាល័យបានផ្ដល់ឱកាសដល់និស្សិតក្នុងការចូលរួម វេទិកាប្រកួត ប្រជែង ឈ្វេងយល់អំពីបញ្ហាបរិស្ថាន បញ្ហាយែនឌឺ អំពើហឹង្សាលើស្ដ្រីនិងកុមារ បញ្ហាច្បាប់ សិទ្ធិមនុស្ស បញ្ហាសុខភាព បុរស-ស្ដ្រី សុខភាពបន្ដពូជ វេទិកាធុរកិច្ច និង វេទិកាអប់រំ និង សហគ្រិនភាព។ល។ ដែលរៀបចំឡើងដោយស្ថាប័នរដ្ឋ អង្គការមិនមែនរដ្ឋាភិបាល អង្គភាពអាជីវកម្មជាច្រើន សាកលវិទ្យាល័យនិងស្ថាប័ន ផ្សេងៗទៀត។ បន្ថែមពីលើនេះការ ចូលរួមសកម្មភាពវប្បធម៌ និងកីឡាជាមួយស្ថាប័នជាតិនិងអន្ដរជាតិ ជាពិសេស ប្រទេសនៅក្នុងតំបន់។

សេវកម្មអប់រំកាយនិងកីឡា

បរិស្ថានសុខភាពល្អគឺជាកត្ដាគន្លឹះដែលធានានិរន្ដរភាព និងគុណភាពនៃការសិក្សាស្រាវជ្រាវរបស់និស្សិតទាំងអស់ដែល សិក្សា នៅ សាកលវិទ្យាល័យបៀលប្រាយទូទាំងសាខារាជធានី-ខេត្ដ ហើយនេះក៏ជាគោលដៅសំខាន់ដែល សាកលវិទ្យា ល័យបៀលប្រាយ បានបង្កើតនិងអភិវឌ្ឍសកម្មភាពកីឡា ជាច្រើនប្រភេទដើម្បីជំរុញនិស្សិតឲ្យចូលរួមលើក ស្ទួយវិស័យអប់រំ កាយ និង កីឡាឆ្ពោះទៅសម្រេចឲ្យបានបរិស្ថានសុខភាពល្អក្នុងសាកលវិទ្យាល័យ សហគមន៍ និង សម្រាប់យើងទាំងអស់ គ្នា។ រហូតមក ដល់ ពេលនេះសាកលវិទ្យាល័យបៀលប្រាយ មានសកម្មភាពកីឡាជាច្រើន រួមមាន៖ កីឡាបាល់ទាត់ បាល់ ទាត់ក្នុងសាល បាល់ទាត់ យុវជនអាយុ ក្រោម១៩ឆ្នាំ ១៥ឆ្នាំនិង១៣ឆ្នាំ កីឡាបាល់ទះបុរស បាល់ទះនារី បាល់បោះបុរស បាល់បោះនារី អត្ដពលកម្មបុរស និងអត្ដពលកម្មនារី។ កីឡាករនិសិ្សតដែលចូលរួមក្នុងសកម្មភាពកីឡាទាំងនេះបច្ចុប្បន្ន សរុបជាង២០០នាក់ ចូលរួមយ៉ាងសកម្ម ជារៀងរាល់ឆ្នាំក្នុងការប្រកួតពានរង្វាន់ សម្ដេច ហ៊ុន សែន ពានរង្វាន់ ឧត្ដមសិក្សា និងមធ្យមសិក្សាឯកទេស ពានរង្វាន់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ពានរង្វាន់ MetFone និងពានរង្វាន់ សាកលវិទ្យាល័យ រួមមានពានរង្វាន់ Banzai ពានរង្វាន់ Cannon នៅប្រទេសថៃ និងការប្រកួតលក្ខណៈមិត្ដភាពជា មួយសាកលវិទ្យាល័យអន្ដរជាតិជាច្រើនមកពីប្រទេសជប៉ុន កូរ៉េ វៀតណាម និងថៃ ។ល។ បៀលប្រាយយូណាយធីត ក្លឹប ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា ក្លឹបបាល់ទាត់ អាជីពនិស្សិត សាកលវិទ្យាល័យ តែមួយគត់នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលតែងតែចូលរួមប្រកួតដណ្ដើមពានរង្វាន់គ្រប់ប្រភេទជារៀងរាល់ឆ្នាំ។ និស្សិតទាំងអស់ ដែលសិក្សា នៅសាកលវិទ្យាល័យបៀលប្រាយ ត្រូវបានលើកទឹកចិត្ដឲ្យចូលរួមគ្រប់សកម្មភាព កីឡាទៅតាម និស្ស័យ និង សមត្ថភាព រៀងៗខ្លួន។

សេវកម្មសុខភាព

ភ្ជាប់ជាមួយនឹងការអប់រំកាយនិងកីឡា សុខភាពនិសិ្សត ការអប់រំនិងពិគ្រោះយោបល់អំពីសុខភាពត្រូវបានយក ចិត្ដទុកដាក់ ចម្បងពីគណៈគ្រប់គ្រងសាកលវិទ្យាល័យបៀលប្រាយ ដើម្បីបង្កើតនូវបរិស្ថានសុខភាពល្អសម្រាប់បុគ្គលិក សាស្ដ្រាចារ្យ និស្សិត និងសមាជិកផ្សេងៗដែលបំពេញសកម្មភាពទាំងឡាយដើម្បីជាប្រយោជន៍ដល់ សាកលវិទ្យាល័យ និង អ្នកសិក្សា ស្រាវជ្រាវ ទាំងអស់។ ក្នុងន័យនេះការិយាល័យ សេវាសុខភាព ត្រូវបានបង្កើតឡើងនៅក្នុង សាកលវិទ្យាល័យ ដើម្បីផ្ដល់ សេវកម្មជា បឋមដល់និសិ្សតទាំងអស់ដោយមិនគិតកម្រៃ ជាពិសេសដូចជាការ សង្គ្រោះបឋម ការវិនិច្ឆ័យរោគសញ្ញានៃ ជំងឺទូទៅ ការចេញវេជ្ជបញ្ជា ការពិគ្រោះសុខភាពទូទៅ ការពិគ្រោះជំងឺកាមរោគនិងជំងឺសង្គមគ្រប់ប្រភេទ និងការផ្សព្វ ផ្សាយ ការយល់ ដឹងពីការថែទាំសុខភាពសាធារណៈ ។ល។

សេវកម្មប្រគល់សញ្ញាបត្រ

និស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ទាំងអស់នឹងត្រូវបានផ្ដល់កិត្ដិយសចូលរួម ពិធីប្រគល់ សញ្ញាបត្ររៀបចំឡើងដោយសាកលវិទ្យាល័យនៅតាមសាខារាជធានី-ខេត្ដទាំងអស់។ ពិធីប្រគល់ សញ្ញាបត្រនេះត្រូវបាន រៀបចំ ឡើងដោយមានការចូលរួមពីនិស្សិតជ័យលាភីរាប់ពាន់នាក់ គណៈគ្រប់គ្រងសាកល វិទ្យាល័យ សាស្ដ្រាចារ្យ អាណាព្យាបាល និស្សិត បុគ្គលិក និង ជាពិសេសពិធីនេះតែងតែបាន ទទួលនូវ មហាកិត្ដិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ជំទាវ កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដែលបានអញ្ជើញ ជាអធិបតីដ៏វិសេសវិសាលបំផុត និងការ អញ្ជើញផ្ដល់មហាកិត្ដិយសពីសំណាក់ឧបនាយករដ្ឋមន្ដ្រី នៃព្រះរាជា ណាចក្រកម្ពុជា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង កីឡា ថ្នាក់ដឹកនាំ គណៈកម្មាធិការទទួលស្គាល់គុណភាព អប់រំនៃកម្ពុជា ថ្នាក់ដឹកនាំ ជាន់ខ្ពស់ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ ក្រុមហ៊ុន អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នជាតិនិងអន្ដរជាតិជាច្រើនទៀត។

ឱកាសការងាររ

សាកលវិទ្យាល័យបៀលប្រាយ គឺជាគ្រឹះស្ថានឧត្ដមសិក្សាឈានមុខនិង ធំបំផុតដោយបាននិងកំពុងបណ្ដុះបណ្ដាល និស្សិត ជាង៥ម៉ឺននាក់ ក្នុងនោះនិស្សិតជិតបីម៉ឺននាក់ដែលបាន បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ កំពុងបំពេញ ការងារ នៅតាម គ្រឹះស្ថានរដ្ឋ ឯកជន អង្គការមិនមែនរដ្ឋាភិបាល និង ស្ថាប័នជាច្រើនទៀត។ ជាក់ស្ដែង និស្សិតបៀលប្រាយដ៏ច្រើន លើស លប់កំពុងបំពេញការងារនៅធធាគារអេស៊ីលីដា និងគ្រឹស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ក្រេឌីត ប្រាសាក់ វីសិនហា្វន់ អង្គរ មីក្រូហិរញ្ញវត្ថុខេបូឌា គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗទៀត និងសាកល វិទ្យាល័យបៀលប្រាយ។

ការទំនាក់ទំនងអន្ដរជាតិ

ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្ដិការជាមួយស្ថាប័នស្រាវជ្រាវ និង អភិវឌ្ឍន៍ធនធានមនុស្សនិងគ្រឹះស្ថានឧត្តម សិក្សាអន្ដរជាតិជាច្រើន តាមរយៈការបណ្ដុះបណ្ដាល រួមគ្នាកិច្ចសហប្រតិបត្ដិការលើគម្រោងស្រាវជ្រាវកម្មវិធីបណ្ដុះ បណ្ដាល និង កសាងសមត្ថភាព កម្មវិធីដោះដូរសកម្មភាពវប្បធម៌ និង កីឡា កម្មវិធីទស្សនកិច្ចសិក្សា ទស្សនកិច្ចការងារ និងការគ្រប់គ្រងវេទិកាសិក្សា និង ស្រាវជ្រាវ សិក្ខាសាលានិងសន្និសីទអន្ដរជាតិ និង ការទទួលស្គាល់សមាជិកភាព ពេញសិទ្ធិ ពីសហគមន៍អន្ដរជាតិបានធ្វើឲ្យបៀលប្រាយក្លាយជាសាកលវិទ្យាល័យឈានមុខ និងត្រូវបានស្គាល់ ទូទាំង តំបន់ និងអន្ដរជាតិ។ បច្ចុប្បន្នដៃគូទំនាក់ទំនង និង សហប្រតិបត្ដិការអន្ដរជាតិរបស់សាកលវិទ្យាល័យបៀលប្រាយ រួមមាន៖ សាកលវិទ្យាល័យ Konkuk ប្រទេសកូរ៉េ សាកលវិទ្យាល័យ Sikkim Manipal ប្រទេសឥណ្ឌា សាកលវិទ្យាល័យ Kasem Bundit ប្រទេសថៃ សាកលវិទ្យាល័យ Yunnan University of Finance and Economics ប្រទេសចិន សាកលវិទ្យាល័យ Champasack ប្រទេសលាវ សាកលវិទ្យាល័យ Norng Lam ប្រទេសវៀតណាម សាកលវិទ្យាល័យ Surindra Rajabhat ប្រទេសថៃ សាកលវិទ្យាល័យ King Mongkut's University of Technology Thunburi ប្រទេសថៃ Asian College of Science and Technology ប្រទេសហ្វីលីពីន សាកលវិទ្យាល័យ Southern Cross ប្រទេសអូស្ដ្រាលី និងសមាគម សាកលវិទ្យាល័យជាច្រើន ដូចជា សមាគម សាកលវិទ្យាល័យ ASAIHL (Association of Southeast Asian Institutions for Higher Learning), UMAP (University Mobility in Asia and Pacific) APQN (Asia Pacific Quality Network) និង Asia Engage។

Devloper Team | FAQ | Comment | Contact Us | Site Map | MIT Group

© Copyright 2012-13 Build Bright University of Cambodia. All Rights Reserved.
Terms of Use | Privacy | Non-discrimination
Last modified on 15 November, 2012 by DAS & DoP